• 067/092/098 220226098220226
  • info226@226store.com

ការដាំដំណាំដូង ដូងជារុក្ខជាតិមួយអាចធ្វើការដាំដុះលើដីច្រើនប្រភេទបាននៅក្នុងប្រទេសកម្ពុជា។ វាមានអាយុកាលឱ្យទិន្នផលបានរាប់សិបឆ្នាំ ហើយអាចផ្ដល់ផ្លែផ្កាក្នុងរយៈពេលប្រហែល ៤ ទៅ ៦ ឆ្នាំក្រោយពេលដាំអាស្រ័យទៅលើប្រភេទពូជ។ ខណៈនេះ SBM News នឹងនាំមកនូវចំណេះដឹងថ្មីជូនដល់អស់លោកអ្នកនោះគឺជាវិធីសាស្ដ្រដាំដំណាំដូង ឱ្យត្រូវតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ។

១/. ការជ្រើសរើសពូជ៖ 

ដើម្បីឱ្យទទួលបានផលឆាប់និងខ្ពស់ យើងត្រូវផ្អែកលើលក្ខណៈក្នុងការជ្រើសរើសពូជដូចជា ជ្រើសយកពូជដែលមានត្រឡោកធំ មានសាច់ក្រាស់ រសជាតិផ្អែម ក្លិនក្រអូបធន់ជំងឺនិងសត្វល្អិតចង្រៃ។ ជាពិសេសគួរជ្រើសយកពូជណា ដែលឆាប់មានផ្លែ មានប្រភពច្បាស់លាស់ អាចដាំដុះនៅលើដីច្រើនប្រភេទ និងជាពូជដែលមានតម្លៃខ្ពស់នៅលើទីផ្សារជាដើម។

២/.ការបណ្ដុះកូន៖ 

ក/. ការជ្រើសរើសទីតាំងថ្នាលៈ

ដូង ងាយស្រួលក្នុងការបណ្ដុះជាងរុក្ខជាតិផ្សេងៗ ដោយគ្រាន់តែរក្សាទុកនៅទីសុវត្ថិភាពក្បែរប្រភពទឹក ដីទួលមិនលិចទឹក និងកន្លែងមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ ជាការស្រេច។ 

ខ/.ការបណ្ដុះកូនដូងៈ ត្រូវកាប់សំបកត្រង់ជ្រុងណាដែលធំជាងគេផ្នែកខាងក្បាល រួចដាក់ជ្រុងនោះទៅក្រោម រួចហើយកាប់សំបកចំពីលើ ឱ្យមានស្នាមសម្រាប់ដូងងាយស្រួលដុះពន្លក។ ដាក់ចំបើងឬកម្ទេចកម្ទីរុក្ខជាតិពង្រាយលើថ្នាលដែលពង្រាប រួច

តម្រៀបផ្លែដូងពីលើចំបើងឬកម្ទេចកម្ទីរុក្ខជាតិដែលពង្រាយ រួចហើយគ្របកំណាត់ចំបើងដែលចិញ្ច្រាំខ្លីៗពីលើហើយស្រោចទឹកឱ្យសើមជាប្រចាំរហូតដល់វាមានអាយុ ១ ឆ្នាំទើបអាចយកទៅដាំបាន។

៣/.ការដាំដុះ៖

ក/.ការជ្រើសរើសទីកន្លែងដាំដុះ

ត្រូវដាំដូងនៅកន្លែងដែលមានសុវត្ថិភាព ដីខ្ពស់មិនលិចទឹក តែមានសំណើមនិងមានជីវជាតិល្អឆ្ងាយពីដើមឈើធំៗដែលមានស្រាប់យ៉ាងហោចណាស់ ១០ម៉ែត្រ។ មានប្រភពទឹកនៅក្បែរងាយស្រួលក្នុងការស្រោចស្រពនៅពេលជួបប្រទះភាពរាំងស្ងួត។

ខ/. របៀបជីករណ្ដៅ

រណ្ដៅដាំដែលមានទំហំសមល្មមគឺជម្រៅមួយម៉ែត្រ បណ្ដោយមួយម៉ែត្រ និងទទឹងមួយម៉ែត្រ ហើយគម្លាតពីរណ្ដៅមួយទៅរណ្ដៅមួយយ៉ាងហោចណាស់ ១០ ម៉ែត្រ ហើយត្រូវធ្វើយ៉ាងណាកំណត់ជួរឱ្យប៉ះនឹងពន្លឺព្រះអាទិត្យស្មើគ្នា។ 

គ/. ការដាក់ជីក្នុងរណ្តៅ

ក្រោយពេលជីករណ្ដៅរួច មុនពេលដាំត្រូវប្រមូលសំរាមដែលបានពីរុក្ខជាតិ ផេះ លាមកសត្វ ឬជីកំប៉ុសិ៍ដាក់ក្នុងរណ្ដៅឱ្យបានច្រើនជាការប្រសើរ ព្រោះវាជាជីធម្មជាតិដែលផ្ទុកទៅដោយសារធាតុចិញ្ចឹមច្រើនយ៉ាង។

ឃ/. ការដាំកូនដូង

ត្រូវពិនិត្យនិងអនុវត្តឱ្យបានហ្មត់ចត់ដូចជាកូនដូងត្រូវមានអាយុយ៉ាងតិច ១ឆ្នាំ។ ត្រូវដាំនៅពេលល្ងាចដើម្បីឱ្យវាទទួលបានសំណើមពេលយប់និងស្រោចទឹកដើម្បីឱ្យឫសឆាប់ជាប់នឹងដីថ្មី។

៤/.ការថែទាំ៖

ក/. ការដាក់ជីបំប៉នៈ ជីបំប៉នត្រូវដាក់ពីរដងក្នុងមួយឆ្នាំនៅរៀងរាល់ដើមនិងចុងរដូវវស្សា។ ជីករណ្ដៅដែលរាងមូលតែមានផ្ចិតប្រវែង ៥ តឹកនិងជម្រៅ ៥តឹក ចម្ងាយពីគល់ប្រហែល ១ ទៅ ២ ម៉ែត្រ។ ដាក់ជីធម្មជាតិនិងជីគីមីសមាសដែលមានធាតុ អ៊ិន ប៉េ កា ហើយចំពោះការដាក់លើកក្រោយៗទៀតចៀសវាងកុំឱ្យជាន់រណ្ដៅដដែល៕

សម្រួលអត្ថបទពី៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ